តើកិច្ចសន្យាអាចសរសេរដោយដៃបានដែរឬទេ
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬធ្វើអាជីវកម្មអ្វីមួយ បើកាលណាភាគីពីរ ឬច្រើនបានស្រុះស្រួលឬឯកភាពលើរឿងអ្វីមួយដូចជាការផ្ទេរទ្រព្យសម្បត្តិរវាងគ្នានិងគ្នាឬបង្កើ កែប្រែ ឬរំលត់កាតព្វកិច្ចវិញ។ តើការធ្វើកិច្ចសន្យានេះតាមច្បាប់តម្រូវឲ្យសរសេរដោយដៃ ឬវាយកុំព្យូទ័រដែលកិច្ចសន្យាមួយណាចាត់ទុកជាផ្លូវការ។
ជុំវិញបញ្ហានេះ លោកមេធាវី ផូ សុធាផល ជាមេធាវីនិងជាសមាជិកក្រុមការងារស្រាវជា្រវអប់រំផ្សព្វផ្សាយច្បាប់នៃគណៈមេធាវី និងជាសារការីនៃមន្ទីរសារការីនីតិនិរន្តរ៍នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ដែលមានខ្លឹមសារដូចខាងក្រោម៖
តើអ្វីជាកិច្ចសន្យា?
កិច្ចសន្យាគឺជាកិរិយាដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមបង្កើតកែប្រែ ឬរំលត់កាតព្វកិច្ច។ ក្នុងន័យសាមញ្ញកិច្ចសន្យាគឺជាការព្រមព្រៀងគ្នាដើម្បីអនុវត្តកិច្ចការអ្វីមួយ ឬដោះដូរអ្វីមួយទៅវិញទៅមក។ ឧទាហរណ៍ថា កិច្ចសន្យាជួលផ្ទះគឺម្ចាស់ផ្ទះបានព្រមព្រៀងប្រគល់ផ្ទះរបស់ខ្លួនឲ្យអ្នកជួលស្នាក់នៅឬប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មហើយអ្នកជួលក៏បានព្រេមព្រៀងបង់ប្រាក់ថ្លៃឈ្នួលឲ្យទៅម្ចាស់ផ្ទះ។
កិច្ចសន្យាមានអានុភាពដោយសារសំណើរនិងស្វីការត្រូវគ្នា។ ស្វីការមានន័យថា ជាការសម្ដែងឆន្ទៈដែលបុគ្គលម្នាក់បានបញ្ចេញការយល់ព្រមរបស់ខ្លួនចំពោះសំណើរដែលបុគ្គលដទៃបានស្នើរមកខ្លួនដើម្បីបង្កើតកិច្ចសន្យា។ ឧទាហរណ៍ថា បុគ្គល “ក” ដាក់លក់រថយន្ដមួយគ្រឿងឲ្យទៅបុគ្គល “ខ” ក្នុងតម្លៃ១០០លានរៀល (នេះជាសំណើរ) ឯបុគ្គល “ខ” យល់ព្រមទិញរថយន្តនេះពីបុគ្គល “ក” តាមតម្លែខាងលើ (នេះជាស្វីការ) ដូចនេះបុគ្គល “ក” និងបុគ្គល “ខ” ក៏បានព្រមព្រៀងបង្កើតកិច្ចសន្យាទិញ និងលក់រថយន្ដមួយគ្រឿង។
តើគេធ្វើកិច្ចសន្យាដើម្បីអ្វី?
កិច្ចសន្យាត្រូវបានបង្កើតឡើងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងក្នុងកិច្ចការទំនាក់ទំនងឬអាជីវកម្មនានារវាងបុគ្គលពីរនាក់ឬច្រើននាក់។ ឧទាហរណ៍ស្រ្តីមេផ្ទះទៅផ្សារទិញត្រីយកមកធ្វើម្ហូប គាត់បានបង្កើតកិច្ចសន្យាជាមួយអ្នកលក់ត្រីដោយគាត់ត្រូវបង់ប្រាក់ហើយអ្នកលក់ត្រូវឲ្យត្រីនោះមកគាត់។ រោងចក្រជួលបុគ្គលិកឲ្យធ្វើការគឺរោងចក្រនោះបង្កើតកិច្ចសន្យាការងារជាមួយបុគ្គលិក។ ក្រុមហ៊ុនទិញដីពីបុគ្គលម្នាក់យក់ទៅសាងសង់សណ្ឋាគារសម្រាប់ធ្វើអាជីវកម្មទេសចរណ៍គឺក្រុមហ៊ុននោះបង្កើតកិច្ចសន្យាលក់ទិញដីជាមួយបុគ្គលជាម្ចាស់ដីនោះ។
តើកិច្ចសន្យាអាចធ្វើដោយផ្ទាល់មាត់ឬជាលាយលក្ខណ៍អក្សរ? បើជាលាយលក្ខណ៍អក្សរ តើត្រូវវាយដោយកុំព្យូទ័រឬដោយសរសេដៃ?
កិច្ចសន្យាអាចត្រូវបានបង្កើតឡើងដោយផ្ទាល់មាត់ដោយទំនាក់ទំនងតាមទម្លាប់របស់ប្រជាជនឬដោយលាយលក្ខណ៍អក្សរ។ ជាទូទៅកិច្ចសន្យានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃពុំមានធ្វើជាលាយលក្ខណ៍អក្សរទេ។ ឧទាហរណ៍យុវជនម្នាក់ទៅតូបលក់សៀវភៅដើម្បីទិញសៀវភៅនិងប៊ិកយកទៅប្រើប្រាស់ក្នុងការសិក្សាគឺម្ចាស់តូបលក់សៀវភៅនិងយុវជននោះមិនធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរអ្វីទេគ្រាន់តែយកសម្ភារៈដែលខ្លួនបានទិញនិងប្រគល់ប្រាក់ទៅឲ្យអ្នកលក់ទៅតាមតម្លៃដែលបានព្រមព្រៀងគ្នាជាការស្រេច។ កិច្ចសន្យាការងារជួលបុគ្គលិកឲ្យធ្វើការក្នុងថេរវេលាមិនកំណត់ក៏មិនចាំបាច់ធ្វើឡើងជាលាយលក្ខណ៍ដែរ។
កិច្ចសន្យាដែលមានលក្ខណៈផ្លូវការនិងដែលគូភាគីត្រូវការទុកជាភ័ស្ដុតាងច្បាស់លាស់គឺគូភាគីធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរកត់ត្រានូវចំណុចនិងលក្ខខណ្ឌនៃការព្រមព្រៀងគ្នាដើម្បីជៀសវាងការជជែកឬមិនចុះសម្រុងនឹងគ្នាទៅថ្ងៃក្រោយ។ កិច្ចសន្យាប្រភេទខ្លះច្បាប់តម្រូវឲ្យត្រូវតែធ្វើជាលាយលក្ខណ៍អក្សរតែម្ដង ហើយប្រភេទខ្លះទៀតច្បាប់តម្រូវឲ្យធ្វើឡើងក្នុងទម្រង់ជាលិខិតយថាភូតថែមទៀតផង។
ចំពោះកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាទូទៅច្បាប់មិនបានកំណត់ថាត្រូវតែវាយកុំព្យូទ័រឬវាយអង្គុលីលេខនោះទេ។ គូភាគីអាចសរសេរដោយដៃបានសំខាន់ឲ្យតែមានការចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃទុកជាសក្ខីភាពបញ្ជាក់អំពីការព្រមព្រៀងរបស់ខ្លួនសម្រាប់ប្រើជាភ័ស្ដុតាងទៅថ្ងៃក្រោយតាមដែលចាំបាច់។ កិច្ចសន្យាឬលិខិតផ្លូវច្បាប់ប្រភេទខ្លះច្បាប់តម្រូវឲ្យសាមីខ្លួនសរសេរដោយផ្ទាល់ដៃតែម្ដង៕
តើកិច្ចសន្យាអាចសរសេរដោយដៃបានដែរឬទេ
Reviewed by 4UP-REASONS
on
August 10, 2017
Rating:
Reviewed by 4UP-REASONS
on
August 10, 2017
Rating:

No comments: